ឆ្នាំ​៩៣០ មុនគ.ស. (១ពង្សាវតារក្សត្រ ១២:១៦-៣៣; ២របាក្សត្រ ១០:១-១៩) ពេល​ដែល​រេហូបោម ដែល​ជា​បុត្រា​ស្ដេច សាឡូម៉ូន ទៅ​ដល់​ស៊ីគែម ដើម្បី​ឡើង​សោយរាជ្យ​បន្ទាប់​ពី​បិតា​បាន​សោយទិវង្គត ទ្រង់​មិន​ព្រម​បន្ធូរ​ការ​បង់​ពន្ធ​ដ៏​ធ្ងន់ធ្ងរ​ដែល​បិតា​ទ្រង់​បាន​ដាក់​លើ​ប្រជាជន​ទេ ដូច្នេះ​ពូជ​អំបូរ​ទាំង​ដប់​បាន​បះបោរ ហើយ​ក៏​បាន​លើក​យេរ៉ូបោម​ធ្វើ​ជា​ស្ដេច​លើ​ពួកគេ។ ចាប់​តាំងពី​ពេល​នោះ​មក គេ​ក៏​រាប់​នគរ​ខាង​ជើង​ថា អ៊‌ីស្រាអែល ហើយ​នគរ​ខាង​ត្បូង​ថា យូដា។ ដោយសារ​ស្ដេច យេរ៉ូបោម ចង់​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​គ្រប់គ្រង​មាន​ភាព​ស្មោះត្រង់​ចំពោះ​ទ្រង់ ដូច្នេះ​ទ្រង់​ក៏​សង់​កន្លែង​ថ្វាយបង្គំ​មួយ​ទៀត​ឲ្យ​ពួកគេ​មក​ថ្វាយបង្គំ​រូប​ព្រះ​គោ​ដែល​ធ្វើ​ពី​មាស។ ព្រោះ​តែ​ទ្រង់​បាន​បះបោរ​យ៉ាង​អាក្រក់ ការ​នោះ​បាន​ជះ​ឥទ្ធិពល​លើ​ស្ដេច​ជំនាន់​ក្រោយៗ​ទ្រង់ នៅ​នគរ​ខាង​ជើង​អស់​រយៈ​ពេល​២០០​ឆ្នាំ។ ប្រាំ​ឆ្នាំ​ក្រោយ​មក ស៊ីសាក ដែល​ជា​ស្ដេច​អេស៊ីព្ទ​បាន​មក​វាយ​ប្រហារ​សាសន៍​យូដា និង​សាសន៍​អ៊‌ីស្រាអែល ហើយ​បាន​យក​ក្រុង​មួយ​ចំនួន។ ស្ដេច រេហូបោម បាន​ឲ្យ​ទ្រព្យសម្បត្តិ​ស្ដេច សាឡូម៉ូន ដែល​ទ្រង់​ទុក​ក្នុង​ព្រះ​វិហារ​ទៅ​ស្ដេច ស៊ីសាក ដើម្បី​ឲ្យ​ទៅ​បំផ្លាញ​ក្រុង​យេរូសាឡឹម។