ឆ្នាំ ៨៩៥ មុនគ.ស. (១ពង្សាវតារក្សត្រ ១៥:១៦-២២; ២របាក្សត្រ ១៦:១-៦) ខណៈពេល​ដែល​សាសន៍​អ៊‌ីស្រាអែល និង​សាសន៍​យូដា​កំពុង​ធ្វើ​សង្គ្រាម ដើម្បី​វែកញែក​ព្រំដែន​ឲ្យ​បាន​ដាច់​ស្រេច​ពី​គ្នា ពេល​នោះ​ស្ដេច ប្អាសា នៃ​សាសន៍​អ៊‌ីស្រាអែល​បាន​រើ​ព្រំដែន​ចុះ​ទៅ​រ៉ាម៉ា ដើម្បី​កាត់​បន្ថយ​ការ​ចេញ​ចូល​របស់​ពួក​យូដា។ ស្ដេច អេសា នៃ​សាសន៍​យូដា​បាន​ជួល​បេន-ហាដាឌ់​នៃ​សាសន៍​ស៊ីរី​ឲ្យ​ទៅ​វាយ​ប្រហារ​នៅ​ព្រំដែន​នៃ​នគរ​ខាង​ជើង​របស់​អ៊‌ីស្រាអែល ហើយ​បង្ខំ​ស្ដេច ប្អាសា ឲ្យ​ដក​ទ័ព​ថយ​ចេញ​ពី​ស្រុក​រ៉ាម៉ា ជាជាង​ចេញ​ទៅ​ច្បាំង​ជា​មួយ​នឹង​ស្ដេច ប្អាសា ផ្ទាល់​។ ក្រោយ​ពេល​ស្ដេច ប្អាសា បាន​ដក​ទ័ព​ថយ​ចេញ​រួច​មក ពេល​នោះ ស្ដេច អេសា ក៏​ដឹក​យក​សម្ភារៈ​នៅ​រ៉ាម៉ា​យក​ទៅ​ពង្រឹង​មីសប៉ា (ដែល​នៅ​ទិស​ខាង​ជើង​បំផុត) និង​កេបា (នៅ​ជិត​ច្រក​មីកម៉ាស)។