ប្រមាណ​អំឡុង​ឆ្នាំ ៥០-៥២ នៃគ.ស. (កិច្ចការ ១៥:២២-១៨:២៣) សាវ័ក ប៉ុល និង​លោក ស៊ីឡាស បាន​ត្រឡប់​ទៅលេង​តំបន់​អាស៊ីមីន័រ​ដែល​ជា​កន្លែង​ដែល​សាវ័ក ប៉ុល បាន​ប្រកាស​ដំណឹង​ល្អ​កាល​គាត់​ធ្វើ​ដំណើរ​ក្នុង​បេសកកម្ម​ដំបូង។ ពេល​នោះ​លោក បាណាបាស និង​លោក យ៉ូហាន-ម៉ាកុស បាន​ចុះ​នាវា​ទៅ​ស្រុក​គីទីម។ សាវ័ក ប៉ុល និង​លោក ស៊ីឡាស បាន​ទៅ​លេង​ក្រុង​ឌើបេ ក្រុង​លីស្ត្រា ក្រុង​អាន់ទីយ៉ូក​នៅ​ស្រុក​ស៊ីរី។ ចេញ​ពី​នោះ​សាវ័ក ប៉ុល និង​លោក ស៊ីឡាស បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ទ្រអាស ដែល​ជា​ទីកន្លែង​ដែល​សាវ័ក ប៉ុល មាន​សុបិន​អំពី​បុរស​ម្នាក់​ពី​ស្រុក​ម៉ាសេដូន​ដែល​កំពុង​ហៅ​គាត់។ ពេល​ដែល​ពួកគាត់​បាន​ឆ្លង​អឺរ៉ុប ពួកគាត់​បាន​ដើរ​កាត់​ក្រុង​មួយ​ចំនួន​ទៀត​នៅ​តាម​ផ្លូវ​អេហ្គណាធាន (Egnatian) ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​អាថែន និង​ក្រុង​កូរិនថូស​នៅ​ក្រិក​ខាង​ត្បូង។ បន្ទាប់មក ពួកគាត់​ក៏​បាន​ចុះ​នាវា​ទៅ​ក្រុង​អេភេសូរ និង​ក្រុង​សេសារា ហើយ​ក៏​ទៅ​លេង​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡឹម​មុន​ពួកគាត់​ត្រឡប់​ទៅ​ក្រុង​អាន់ទីយ៉ូក​នៃ​ស្រុក​ស៊ីរី។