(ម៉ាថាយ ១៦:២១; ១៧:២២-២៧; ១៩:១-២; ២០:១៧, ២៩-៣៤; ម៉ាកុស ៨:៣១; ១០:១, ៣២, ៤៦-៥២; ១១:១-២; លូកា ៩:៥១-៥៦; ១០:៣៨-៤២; ១៣:២២; ១៨:៣១-១៩:១០; ១៩:២៨-៣៥; យ៉ូហាន ១២:១-៨) ទោះ​បើ​សាវ័ក យ៉ូហាន បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​បាន​ធ្វើ​ដំណើរ​ពីរបី​ដង​ទៅ​ក្រុង​យេរូសាឡឹម​កាល​ទ្រង់​កំពុង​ធ្វើ​ព័ន្ធកិច្ច​ក៏​ដោយ ក៏​យើង​នៅ​ឃើញ​ដែរ​ថា សាវ័ក ម៉ាថាយ ម៉ាកុស និង​លោក លូកា គ្រាន់តែ​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡឹម​តែ​ម្ដង​ទេ​មុន​គេ​ចាប់​ទ្រង់​យក​ទៅ​ធ្វើ​គុត ហើយ​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ដំណើរ​របស់​ព្រះ​អង្គ​បាន​ចាប់​ផ្ដើម​ពី​ក្រុង​កាពើណិម ប៉ុន្តែ​ក្រោយ​មក មើល​ទៅ​ហាក់​បី​ដូច​ជា​ព្រះ​យេស៊ូវ​បាន​គេច​ចេញ​ពី​ផ្លូវ​ធំៗ ក្រោយ​ពេល​ពួក​សាម៉ារី​បាន​បដិសេធ​ទ្រង់​ដោយ​មិន​ឲ្យ​ទ្រង់​ចូល​ក្រុង​គេ (លូកា ៩:៥១-៥៦)។ ដូច្នេះ ក្រោយ​មក​ទ្រង់​ទំនង​ជា​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​ធ្វើ​ដំណើរ​កាត់​តាម​ក្រុង​ពេរេ។ បន្ទាប់មក ទ្រង់​បាន​ឆ្លង​កាត់​ក្រុង​យេរីខូរ ហើយ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម។