(ម៉ាថាយ ១៦:២១; ១៧:២២-២៧; ១៩:១-២; ២០:១៧, ២៩-៣៤; ម៉ាកុស ៨:៣១; ១០:១, ៣២, ៤៦-៥២; ១១:១-២; លូកា ៩:៥១-៥៦; ១០:៣៨-៤២; ១៣:២២; ១៨:៣១-១៩:១០; ១៩:២៨-៣៥; យ៉ូហាន ១២:១-៨) ទោះបើសាវ័ក យ៉ូហាន បានលើកឡើងថា ព្រះយេស៊ូវបានធ្វើដំណើរពីរបីដងទៅក្រុងយេរូសាឡឹមកាលទ្រង់កំពុងធ្វើព័ន្ធកិច្ចក៏ដោយ ក៏យើងនៅឃើញដែរថា សាវ័ក ម៉ាថាយ ម៉ាកុស និងលោក លូកា គ្រាន់តែបានលើកឡើងថា ព្រះយេស៊ូវបានធ្វើដំណើរទៅក្រុងយេរូសាឡឹមតែម្ដងទេមុនគេចាប់ទ្រង់យកទៅធ្វើគុត ហើយទ្រង់បានមានព្រះជន្មរស់ឡើងវិញ។ ដំណើររបស់ព្រះអង្គបានចាប់ផ្ដើមពីក្រុងកាពើណិម ប៉ុន្តែក្រោយមក មើលទៅហាក់បីដូចជាព្រះយេស៊ូវបានគេចចេញពីផ្លូវធំៗ ក្រោយពេលពួកសាម៉ារីបានបដិសេធទ្រង់ដោយមិនឲ្យទ្រង់ចូលក្រុងគេ (លូកា ៩:៥១-៥៦)។ ដូច្នេះ ក្រោយមកទ្រង់ទំនងជាឆ្លងទន្លេយ័រដាន់ ហើយធ្វើដំណើរកាត់តាមក្រុងពេរេ។ បន្ទាប់មក ទ្រង់បានឆ្លងកាត់ក្រុងយេរីខូរ ហើយឆ្ពោះទៅក្រុងយេរូសាឡឹម។