(ម៉ាថាយ ២៦:៤៧-២៧:៦៦; ម៉ាកុស ១៤:៣២-១៥:៤៧; លូកា ២២:៤៧-២៣:៥៦; យ៉ូហាន ១៨:២-១៩:៤២) យើង​មិន​ដឹង​យ៉ាង​ប្រាកដ​ពី​ទី​តាំង​គន្លង​ផ្លូវ​នៃ​ការ​ចាប់​ព្រះ​យេស៊ូវ​រហូត​ដល់​ពេល​គេ​ឆ្កាង​ទ្រង់​ទេ (ដែល​ពេល​ខ្លះ​គេ​ហៅ​គន្លង​ផ្លូវ​នោះ​ថា «គន្លង​នៃ​ការ​យំសោក»)។ យោង​តាម​ភាព​ស្រុះស្រួល​គ្នា​រវាង​កណ្ឌ​ដំណឹង​ល្អ៖ (១) ក្រោយ​ពី​ពេល​បរិភោគ​អាហារ​បុណ្យ​រំលង​ហើយ​លោក យូដាស-អ៊ីស្ការីយ៉ុត បាន​នាំ​ទ័ព​ទាហាន​មួយ​ក្រុម​មក​ចាប់​ព្រះ​យេស៊ូវ​នៅ​សួនច្បារ​គែតសេម៉ានី។ (២) ចេញ​ពី​នោះ គេ​បាន​នាំ​ព្រះ​យេស៊ូវ​ទៅ​ជួប​សម្ដេច​សង្ឃ អាណ (មិន​ស្គាល់​ទីកន្លែង) បន្ទាប់មក គេ​បាន​បញ្ជូន​ទ្រង់​ឲ្យ​ទៅ​ជួប​សម្ដេច​សង្ឃ កៃផា ដែល​ជា​សម្ដេច​សង្ឃ និង​ជា​កូន​ប្រសា​របស់​គាត់។ (៣) បន្ទាប់មក ក្រុម​ដឹក​នាំ​ពួក​យូដា​បាន​ទៅ​សូម​លោក ពីឡាត់ ដែល​ជា​អ្នក​ដឹក​នាំ​ពី​ប្រទេស​រ៉ូម​ឲ្យ​សម្លាប់​ព្រះ​យេស៊ូវ។ (៤) លោក​គ្រូ​ពេទ្យ លូកា បាន​លើក​ឡើង​ថា លោក ពីឡាត់ បាន​បញ្ជូន​ព្រះ​យេស៊ូវ​ឲ្យ​ទៅ​ជួប​ស្ដេច ហេរ៉ូឌ។ (៥) ស្ដេច ហេរ៉ូឌ គ្រាន់តែ​សួរ​សំណួរ​ព្រះ​យេស៊ូវ ហើយ​ក៏​បាន​បញ្ជូន​ទ្រង់​ទៅ​លោក ពីឡាត់ វិញ​ដោយ​មិន​បាន​កាត់​ទោស​ទ្រង់​ទេ។ (៦) ក្រោយ​មក​លោក ពីឡាត់ ក៏​បាន​បញ្ជូន​ព្រះ​យេស៊ូវ​ឲ្យ​គេ​ឆ្កាង​ទ្រង់​នៅ​ឯ​ភ្នំ​គាល់កូថា។