(១សាំយូអែល ១៩:១២-២៧:៤) ស្ដេច សូល ច្រណែននឹង លោក ដាវីឌ ព្រោះពួករាស្ត្របានទទួលស្គាល់ថា គាត់ជាទាហានដ៏អង់អាចក្លាហាន ហើយជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់ ដូច្នេះស្ដេច សូល ក៏ចាប់ផ្ដើមរកឱកាសសម្លាប់លោក ដាវីឌ។ លោក ដាវីឌ បានរត់គេចពីស្ដេច សូល ទៅគីបៀរ (១) ហើយក៏បានទៅឯហោរា សាំយូអែល នៅណាយ៉ូតនៅឯរ៉ាម៉ា (២) ប៉ុន្តែ មិនយូរប៉ុន្មានស្ដេច សូល បានទៅរកចាប់គាត់នៅទីនោះ ដូច្នេះលោក ដាវីឌ ក៏បានរត់ទៅរកលោក យ៉ូណាថាន នៅគីបៀរ (៣)។ បន្ទាប់ពីលោក យ៉ូណាថាន បានប្រាប់លោក ដាវីឌ ថាស្ដេច សូល នឹងព្យាយាមសម្លាប់គាត់ ដូច្នេះទើបលោក ដាវីឌ រត់ទៅរកលោក អ័ហ៊ីម៉ាលេក ដែលជាសង្ឃនៅណូប (៤) នៅទីនោះគាត់បានប្រមូលស្បៀង ហើយក៏យកដាវកូលីយ៉ាត។ បន្ទាប់ពីនោះលោក ដាវីឌ បានរត់ទៅជ្រកនៅភីលីស្ទីននៅក្រុងកាថ (៥) ហើយក៏បានបោះទីលំនៅរបស់គាត់ក្នុងល្អាងអាឌូឡាម (៦) នៅទីនោះចំនួនទ័ពរបស់គាត់បានកើនឡើងរហូតដល់ ៤០០ នាក់។ ដើម្បីការពារឪពុកម្ដាយគាត់ពីគ្រោះថ្នាក់ លោក ដាវីឌ ក៏បានទុកគ្នាគាត់ឲ្យស្ដេច ម៉ូអាប់ ជួយមើលថែនៅមីសប៉ា (៧) ហើយគាត់បានទៅរស់នៅទីពំនួន ក្នុងទីរហោស្ថាន (៨)។ រំលងប្រមាណមួយរយៈក្រោយដែលលោក ដាវីឌ ក៏បានចេញទៅអាស្រ័យនៅឯព្រៃហារេក (៩) និងបានទៅជួយសង្គ្រោះអ្នកនៅជិតក្រុងកៃឡា (១០) ពីក្រុមភីលីស្ទីនដែលកំពុងលួចប្លន់។ ពេលលោក ដាវីឌ ឮថាស្ដេច សូល បានមកតាមរកគាត់នៅកៃឡា ដាវីឌ និងទ័ពលោកដែលបានចម្រើនដល់ ៦០០ នាក់ ក៏បាននាំគ្នាដូរទីតាំងដោយរត់ទៅទីរហោស្ថានស៊ីភ (១១)។ ក្រោយពេលដែលប្រជាជននៅស៊ីភបានក្បត់លោក ដាវីឌ ដោយចង់បញ្ជូនគាត់ឲ្យស្ដេច សូល លោក ដាវីឌ និងទ័ពរបស់គាត់ក៏បានទៅនៅទីរហោស្ថានម៉ាអូន (១២) ហើយនៅទីនោះ គាត់ស្ទើរនឹងគេចមិនផុតពីកណ្ដាប់ដៃស្ដេច សូល។ ពេលលោក ដាវីឌ និងទ័ពរបស់គាត់កំពុងរត់ពីទីពំនួននៅអេន-កេឌី (១៣) ជាថ្មីម្ដងទៀត ទ្រង់ស្ទើរនឹងគេចមិនផុតពីកណ្ដាប់ដៃស្ដេច សូល ហើយតាមពិតនៅទីនោះលោក ដាវីឌ មានឱកាសក្នុងការសម្លាប់ស្ដេច សូល ប៉ុន្តែគាត់បានបដិសេធដោយមិនឆក់យកឱកាសនោះ។ លោក ដាវីឌ ក៏បានត្រឡប់ទៅទីពំនួនវិញ (១៤) ហើយក៏បន្តទៅទីរហោស្ថាននៅប៉ារ៉ាន (១៥)។ ជាថ្មីម្ដងទៀត នៅទីនោះ ប្រជាជនស៊ីភបានក្បត់លោក ដាវីឌ ដោយចង់បញ្ជូនគាត់ឲ្យស្ដេច សូល ហើយទោះបើលោក ដាវីឌ មានឱកាសម្ដងទៀតក្នុងការសម្លាប់ស្ដេច សូល ក៏គាត់បានបដិសេធដោយមិនឆក់យកឱកាសនោះដែរ។ ចុងក្រោយលោក ដាវីឌ និងទ័ពរបស់គាត់ក៏បានទៅរកទីជម្រកពីអ័គីស ដែលជាស្ដេចនៅក្រុងកាថ (១៦)។