អំឡុង​ឆ្នាំ ១០១០ មុនគ.ស. (១សាំយូអែល ៣១:១-១៣; ១របាក្សត្រ ១០:១-១៤) ទ័ព​ភីលីស្ទីន​បាន​ទៅ​ស៊ូណែម​ពី​អាផែក ហើយ​បាន​រៀបចំ​វាយ​ប្រហារ​សាសន៍​អ៊‌ីស្រាអែល​នៅ​ជិត​យេសរាល​ដែល​ជា​កន្លែង​ពួកគេ​បោះ​តង់។ ដោយសារ​ស្ដេច សូល ខ្លាច​ទ័ព​ដ៏​ធំ​ដែល​ទ្រង់​រៀប​នឹង​ច្បាំង​ជា​មួយ ដូច្នេះ​យប់​នោះ​ទ្រង់​ក៏​បាន​លួច​ទៅ​ជួប​អ្នក​ចេះ​ខាប​ព្រលឹង​ខ្មោច​ម្នាក់​នៅ​ឯ​ក្រុង​អេន-ដោរ ដើម្បី​ស្វែងរក​យោបល់​ពី​ហោរា សាំយូអែល ដែល​បាន​ស្លាប់​បាត់​ទៅ។ ពេល​ពួក​ភីលីស្ទីន​មក​វាយ​ប្រហារ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ សាសន៍​អ៊‌ីស្រាអែល​បាន​នាំ​គ្នា​ដក​ទ័ព​ដោយ​រត់​ឡើង​ភ្នំ​គីលបោ។ ស្ដេច សូល និង​បុត្រា​បី​នាក់​របស់​ទ្រង់​ត្រូវ​បាន​គេ​សម្លាប់ ហើយ​ពួក​ភីលីស្ទីន​បាន​ចំអក​ឲ្យ​ពួក​ទ្រង់​ដោយ​ព្យួរ​សព​ពួក​ទ្រង់​លើ​ជញ្ជាំង​នៅ​បេត-សៀន។ មួយ​រយៈ​ក្រោយ​មក អ្នក​ស្រុក​យ៉ាបេស-កាឡាត​បាន​ចេញ​ទៅ​យក​សព​ទាំង​នោះ​ទាំង​យប់។