(១សាំយូអែល ៣០:១៦-៣១) ខណៈពេល​លោក ដាវីឌ និង​ទ័ព​របស់​គាត់​កំពុង​រក​ទីជម្រក​នៅស្រុក​ប៉ាឡេស្ទីន ពួក​ភីលីស្ទីន​បាន​ប្រមូល​ទ័ព​គេ​នៅ​ឯ​អាផែក ដើម្បី​ទៅ​ច្បាំង​ជា​មួយ​សាសន៍​អ៊‌ីស្រាអែល។ ដោយសារ​មេទ័ព​ពួក​ភីលីស្ទីន​មិន​សូវ​ទុក​ចិត្ត​លើ​ភាព​ស្មោះត្រង់​របស់​លោក ដាវីឌ ពេល​ទៅ​ច្បាំង​នឹង​ពួក​អ៊‌ីស្រាអែល ដូច្នេះ​ពួកគេ​ក៏​ប្រាប់​លោក ដាវីឌ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ស៊ីកឡាក់​វិញ​ទៅ។ ពេល​លោក ដាវីឌ បាន​មក​ដល់ គាត់​ឃើញ​ថា ពួក​អាម៉ាលេក​បាន​មក​លួច​ប្លន់​នៅ​ស្រុក​វាល ហើយ​បាន​ដុត​ក្រុង​ស៊ីកឡាក់ ថែម​ទាំង​បាន​ចាប់​មនុស្ស​យក​ទៅ និង​យក​ទ្រព្យសម្បត្តិ​ផង​ដូច្នេះ នោះ​លោក ដាវីឌ និង​ទ័ព​របស់​គាត់​បាន​ដេញ​តាម​ពួកគេ ឆ្លង​ជ្រោះ​បេសោរ ហើយ​ក៏​បាន​វាយ​ប្រហារ​ពួក​អាម៉ាលេក។ លោក ដាវីឌ បាន​យក​របស់​អ្វីៗ​ទាំង​អស់​ដែល​ពួក​អាម៉ាលេក​បាន​ប្លន់​ត្រឡប់​ទៅ​ក្រុង​ស៊ីកឡាក់​វិញ ហើយ​ក៏​បាន​ផ្ញើ​របស់របរ​ខ្លះៗ​ដែល​គាត់​បាន​យក​មក​វិញ​ ទៅ​ដល់​អ្នក​ដឹក​នាំ​ដែល​នៅ​ជិត​ខាង​ក្រុង​ស៊ីកឡាក់​ដែល​រួម​មាន​ដូច​ជា៖ ក្រុង​បេត-អែល ក្រុង​ស៊ីពម៉ូត ក្រុង​រ៉ាកាល និង​ក្រុង​កែន។