ទោះបើទឹកដីប្រទេសអ៊ីស្រាអែលមិនសូវធំប៉ុន្មានក៏ដោយ ក៏ភូមិសាស្ត្រនៃទឹកដីនោះនៅមានតំបន់ខុសៗគ្នាជាច្រើនដែរ។ នៅទិសខាងលិចមានទីវាលឆ្នេរឈូងសមុទ្រ តែប្រសិនបើធ្វើដំណើរចូលមកកាន់ភាគកណ្ដាលនៃប្រទេស នោះនឹងមានតំបន់ភ្នំ ហើយមិនយូរប៉ុន្មាន ប្រសិនបើបន្តដំណើរទៅទៀត តំបន់នោះក៏ធ្លាក់ចុះទៅក្នុងតំបន់ជ្រោះទន្លេយ័រដាន់ និងសមុទ្រមរណៈ ដែលទីនោះគឺជាចំណុចដ៏ទាបបំផុតនៅលើផែនដីនេះ។ ហើយបន្ទាប់មកនឹងមានទីវាល ដែលប្រៀបដូចជាតុ នៅទិសខាងកើតដែលនាំចូលទៅក្នុងទីរហោស្ថានដ៏ធំនៃប្រទេសអារ៉ាប៊ី។ នៅចុងបំផុតនៃទិសខាងជើងហួសវាលច្រកភ្នំយេសរាលដែលជាកន្លែងដែលមានដីជីជាតិល្អ គឺភ្នំកាលីឡេដែលមានរុក្ខជាតិស្រស់ស្អាត និងផ្ទាំងថ្មពុំរាបស្មើ ហើយភ្នំហ៊ើម៉ូនក៏នៅតំបន់នោះ ដែលភ្នំនោះថែមទាំងមានព្រិលនៅលើកំពូលភ្នំទៀតផង។ រីឯតំបន់ទិសខាងត្បូងគឺជាតំបន់ដែលជាទីរហោស្ថានស៊ីន និងអារ៉ាបាដែលមិនសូវមានទឹក។ ហើយឆៀងខាងជើងនៃតំបន់នេះគឺស្រុកខាងត្បូង ដែលទីនោះមិនសូវទទួលបានភ្លៀងប៉ុន្មានទេ តែរុក្ខជាតិនៅតំបន់នោះងាយនឹងលូតលាស់ណាស់ពេលខែភ្លៀង។