អំឡុងឆ្នាំ ៥៣៨-៥១៥ មុនគ.ស. (អែសរ៉ា ៣-៤) ក្នុងចំណោមកិច្ចការចម្បងមួយរបស់ពួកឈ្លើយដែលត្រឡប់ទៅស្រុកវិញគឺ ការសង់អាសនា និងព្រះវិហារឡើងវិញ។ ពេលគេបានទៅដល់ ពួកគេបានសង់អាសនាភ្លាមៗ ហើយក៏បានដុតយញ្ញបូជាជាទៀងទាត់ដែរ។ ប្រមាណជាមួយឆ្នាំក្រោយមក ពួកគេក៏បានចាក់គ្រឹះព្រះវិហារ ប៉ុន្តែអ្នកដឹកនាំនៅតំបន់នោះបានជំទាស់រារាំងមិនឲ្យពួកគេបញ្ចប់ការសង់ព្រះវិហារអស់រយៈពេល២០ឆ្នាំ។ តែនៅចុងឆ្នាំ ៥១៦ មុនគ.ស. ក្រោមការសោយរាជ្យរបស់ស្ដេច ដារីយុស ពួកគេបានបញ្ចប់ការសង់ព្រះវិហារជាស្ថាពរ។ ប៉ុន្តែ កំផែងក្រុងមិនទាន់បានសាងសង់ឡើងវិញរហូតអស់រយៈពេល៧០ឆ្នាំ ទើបសាងសង់ឡើងវិញដែលដឹកនាំដោយហោរា នេហេមា។