ប្រមាណឆ្នាំ ៧៤០ មុនគ.ស. ពួកអាសសើុរចាប់ផ្ដើមមានអំណាចខ្លាំងឡើងៗនៅពេលដែលនគរបែកបាក់ជិតដល់ចំណុចនៃទីបញ្ចប់។ ការងើបកាន់អំណាចជាថ្មីម្ដងទៀតនៃពួកអាសសើុរដែលធ្លាប់ជានគរសម័យចាស់ បានបណ្ដាលឲ្យពួកគេជះឥទ្ធិពលយ៉ាងខ្លាំងនៅសម័យបុរាណខាងកើត ចាប់តាំងពីសម័យកាលស្ដេច យេរ៉ូបោម និងស្ដេច អូសៀស រហូតដល់ពេលដែលពួកគេដួលរលំម្ដងទៀតនៅសតវត្សទី៦ មុនគ.ស.។ សាសន៍អ៊ីស្រាអែលស្ថិតនៅក្រោមការជិះជាន់របស់ពួកអាសសើុរខ្លាំងជាងគេ ជាពិសេសទាក់ទងនឹងការលួចប្លន់នៅភីលីស្ទីន ហើយសាសន៍យូដាក៏ត្រូវពួកអាសសើុរបានវាយប្រហារ ក៏ដូចជាប្លន់ផងដែរ។ មិនយូរប៉ុន្មាន ក្រោយពេលពួកអាសសើុរបានងើបយកអំណាចជាថ្មីម្ដងទៀត ពួកគេក៏ចាប់ផ្ដើមយកទឹកដីស្ទើរទាំងអស់នៅទិសខាងកើត ចាប់ពីស្រុកអុើររហូតដល់ភ្នំអារ៉ារ៉ាត និងដល់អេស៊ីព្ទ។