ឆ្នាំ ១៦៧-១៦៦ មុនគ.ស. ដើម្បី​បង្កើត​ឲ្យ​មាន
ការ​រួបរួម និង​ការ​ពង្រឹង​ទឹកដី​ដែល​ខុសៗ​គ្នា​ច្រើន​ក្នុង​នគរ​ដ៏​ធំ​របស់​ខ្លួន លោក សេលើស៊ា អន់ទីយូគូស ទី៤ បាន​ចេញ​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​គ្រប់​គ្នា​រៀន​ភាសា​ក្រិក និង​ប្រពៃណី​នៃ​ការ​រស់នៅ​ដូច​សាសន៍​ក្រិក។ គាត់​ហាម​សាសន៍​យូដា​មិន​ឲ្យ​ប្រារព្ធ​សាសនា​របស់​ខ្លួន ហើយ​ថែម​ទាំង​កែ​ព្រះវិហារ​នៅ​ក្រុង​យេរូសាឡឹម​ឲ្យ​ទៅ​ជា​ព្រះវិហារ​សម្រាប់​ព្រះ​សេយូស​ដែល​ជា​ព្រះ​របស់​សាសន៍​ក្រិក។ គាត់​តម្រូវ​ឲ្យ​សាសន៍​យូដា​គ្រប់​គ្នា​ធ្វើ​យញ្ញបូជា​ដល់​ព្រះ​ក្លែង​ក្លាយ​តាម​ភូមិ​តំបន់​រៀងៗ​ខ្លួន ដើម្បី​បង្ហាញ​ភក្ដីភាព​ចំពោះ​អន់ទីយូគូស និង​ច្បាប់​របស់​ពួកគាត់។ នៅ​ស្រុក​ម៉ូឌីន (Modiin) មាន​សង្ឃ​ម្នាក់​ឈ្មោះ ម៉ាថាធីយ៉ាស (Mattathias) និង​កូនៗ​របស់​គាត់​មិន​ព្រម​ចុះចូល​ក្នុង​ការ​ធ្វើ​យញ្ញបូជា​ឲ្យ​ព្រះ​ក្លែងក្លាយ ហើយ​ថែម​ទាំង​សម្លាប់​សេលើស៊ា​ដែល​ជា​មន្ត្រី​ម្នាក់​នៅ​ទី​នោះ ហើយ​មន្ត្រី​នោះ​ជា​អ្នក​មើល​ខុស​ត្រូវ​ក្នុង​ការ​ប្រារព្ធ​ការ​ទាំង​នោះ។ បន្ទាប់ពី​នោះ ម៉ាថាធីយ៉ាស និង​កូនៗ​របស់​គាត់​ក៏​បាន​រត់​គេច​ទៅ​ឯ​តំបន់​ភ្នំ​នៃ​ហ្គភណា (Gophna) ហើយ​ក៏​មាន​អ្នក​ស្រុក​ជា​ច្រើន​បាន​ចូលរួម​នឹង​គាត់។ មេទ័ព សេលើស៊ា ម្នាក់​ដែល​មាន​ឈ្មោះ​ថា អប៉ូឡូនីយូស (Apollonius) បាន​ធ្វើ​ដំណើរ​ចេញ​ពី​សាម៉ារី ដើម្បី​ទៅ​កំទេច​ពួក​បះបោរ​ចោល ប៉ុន្តែ​ពួក​បះបោរ​ដែល​ឥឡូវ​នេះ​ដឹកនាំ​ដោយ​លោក យ៉ូដាស ម៉ាកាបាយ (Judas Mattathais) ដែល​ជា​កូន​របស់​លោក ម៉ាថាធីយ៉ាស បាន​វាយ​ប្រហារ​ពួកគាត់​វិញ ហើយ​ថែម​ទាំង​បាន​សម្លាប់​អប៉ូឡូនីយូស​ផ្ទាល់​ទៀត​ផង។ ក្រោយ​មក មេទ័ព សេលើស៊ា ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​ថា សេរ៉ុន (Seron) បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡឹម ដើម្បី​ទៅ​សង្គ្រោះ​សាសន៍​យូដា​ដែល​គាំទ្រ​ប្រពៃណី​ក្រិក ប៉ុន្តែ​ទ័ព​របស់​លោក យ៉ូដាស បាន​កំទេច​ពួកគេ​ខណៈពេល​ដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ឡើង​ច្រក​បេត-ហូរ៉ុន ដែល​ជា​ផ្លូវ​ដ៏​ចោត​មួយ។