ហោរា សាំយូអែល ដែលជាចៅហ្វាយចុងក្រោយ គឺជាអ្នកអភិសេកសូល ឲ្យក្លាយជាស្ដេចដំបូងបង្អស់លើសាសន៍អ៊ីស្រាអែល ហើយក្រោយមកគាត់ក៏បានអភិសេកដាវីឌឲ្យក្លាយជាស្ដេចផងដែរ។ ទោះបើស្ដេច សូល បានធ្វើខុសច្រើនក៏ដោយ ក៏ទ្រង់នៅតែជួយប្រមូលផ្ដុំពូជអំបូរនៃសាសន៍អ៊ីស្រាអែលនានាឲ្យមានការរួបរួមគ្នាបែបជាប្រជាជាតិតែមួយ ហើយក៏បានការពារគ្នាពីអស់អ្នកនៅតំបន់នោះដែលចង់មានអំណាចលើពួកគាត់ដែរ។ ស្ដេច ដាវីឌ មានភាពខ្លាំងពូកែខាងចម្បាំង និងនយោបាយ ហើយការនោះបាននាំឲ្យទ្រង់អាចពង្រីកព្រំដែនអ៊ីស្រាអែលរហូតដល់ពេលទ្រង់សុគត ទ្រង់បានកាន់កាប់លើសាសន៍អ៊ីស្រាអែលទាំងមូល ដែលរួមមាន ពួកអេដំម ពួកម៉ូអាប់ ពួកអាំម៉ូន ពួកស៊ីរី និងពួកសូបា។ សាសន៍ដទៃទៀត ដូចជាទីរ៉ុស និងហាម៉ាត បានមកតាំងសេចក្ដីសញ្ញានឹងស្ដេច ដាវីឌ។ ប៉ុន្មានឆ្នាំក្រោយមកស្ដេច សាឡូម៉ូន ដែលជាបុត្រាស្ដេច ដាវីឌ បានវាយយកនគរស្ដេច ហាម៉ាត ហើយពេលទ្រង់រៀបអភិសេកជាមួយបុត្រី ផារ៉ោន ទ្រង់ក៏បានតាំងសេចក្ដីសញ្ញាជាមួយនឹងស្រុកអេស៊ីព្ទ។ នៅជំនាន់នៃការសោយរាជ្យរបស់ស្ដេច សាឡូម៉ូន គឺជាជំនាន់ចក្រភពនៃអំណាច និងទ្រព្យសម្បត្តិរបស់សាសន៍អ៊ីស្រាអែលក្នុងសម័យកាលព្រះគម្ពីរ។ ការនេះកើតឡើងព្រោះស្ដេច សាឡូម៉ូន បានកាន់កាប់ច្រកព្រំដែនដ៏ធំៗនៃការនាំទំនិញចេញចូលរវាងប្រទេសមហាអំណាចមួយចំនួន ដែលរួមមានដូចជា អេស៊ីព្ទ អារ៉ាប៊ី អើរ៉ាម និងអាណាធូលីអា (អាស៊ីមីន័រ)។