ប្រមាណ​ឆ្នាំ ២០០០ មុនគ.ស. (លោកុប្បត្តិ ១២-៥០) ដំណើររឿង​របស់​លោក អាប់រ៉ាម និង​គ្រួសារ​របស់​គាត់​បាន​កើត​ឡើង​នៅ​សម័យ​បុរាណ​ខាង​កើត​ក្នុង​ចំណោម​ជាតិ​សាសន៍​ដ៏​ចំណាស់ៗ​ជា​ច្រើន​លើ​ផែនដី​នេះ រួម​មាន​ដូច​ជា អេស៊ីព្ទ អាសសើុរ បាប៊ីឡូន និង​អេឡាំ។ លោក អាប់រ៉ាម (ក្រោយ​មក​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​អ័ប្រាហាំ) បាន​កើត​នៅ​ក្រុង​អុើរ ដែល​ជា​ក្រុង​មួយ​ដែល​មាន​អំណាច​យ៉ាង​ខ្លាំង​នៅ​ទិស​ខាង​ត្បូង​នៃ​ស្រុក​បាប៊ីឡូន។ មិន​យូរ​មិន​ឆាប់​លោក ថេរ៉ា ដែល​ជា​ឪពុក​របស់​លោក អាប់រ៉ាម បាន​នាំ​គ្រួសារ​របស់​គាត់​ទៅ​ស្រុក​កាណាន ប៉ុន្តែ​គាត់​បាន​សម្រេច​ចិត្ត​នៅ​ក្រុង​ហារ៉ាន (លោកុប្បត្តិ ១១:២៧-៣១)។ បន្ទាប់ពី​លោក ថេរ៉ា បាន​ស្លាប់ ព្រះ​អម្ចាស់​បាន​ត្រាស់ហៅ​លោក អាប់រ៉ាម ឲ្យ «ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯង» (កាណាន) ដែល​ព្រះ​អង្គ​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ​កូន​ចៅ​របស់​គាត់។