អំឡុង​ឆ្នាំ ១៤០០ មុនគ.ស. ឬ​ក៏ ១២១៤ មុនគ.ស. (យ៉ូស្វេ ១៣:៦-២១:៤៥) ស្រប​ពេល​យក​ជ័យជម្នះ​លើ​ពួក​កាណាន លោក យ៉ូស្វេ បាន​កាត់​ប្លង់​ដី​ឲ្យ​ពូជ​អំបូរ​នីមួយៗ​នៃ​សាសន៍​អ៊‌ីស្រាអែល។ ទោះជា​យ៉ាង​ណា​ក្ដី ក៏​ព្រំដែន​នៃ​ប្លង់​ដី​ទាំង​នេះ​មិនមែន​ជា​ដី​ដែល​ពូជ​អំបូរ​នីមួយៗ​បាន​យក ហើយ​រស់នៅ បន្ទាប់ពី​បាន​យក​ជ័យជម្នះ​លើ​កាណាន​ទេ។ ពូជ​អំបូរ​មួយ​ចំនួន ដូច​ជា​ដាន់ មិន​មាន​លទ្ធភាព​ក្នុង​ការ​ដេញ​ពួក​កាណាន​ដែល​រស់នៅ​លើ​ទឹកដី​ដែល​ពួកគាត់​ទទួល​បាន​នោះ​ទេ (យ៉ូស្វេ ១៩:៤៧)។ ហើយ​ក៏​មាន​ពូជ​អំបូរ​មួយ​ចំនួន​ទៀត​បាន​វាយ​យក​ទឹកដី​ដែល​មិន​មាន​ក្នុង​ប្លង់​ដើម​របស់​ខ្លួន​ដែរ (យ៉ូស្វេ ១៧:១១)។