ទោះ​បើ​ទឹកដី​ប្រទេស​អ៊‌ីស្រាអែល​មិន​សូវ​ធំ​ប៉ុន្មាន​ក៏​ដោយ ក៏​ភូមិសាស្ត្រ​នៃ​ទឹកដី​នោះ​នៅ​មាន​តំបន់​ខុសៗ​គ្នា​ជា​ច្រើន​ដែរ។ នៅ​ទិស​ខាង​លិច​មាន​ទីវាល​ឆ្នេរ​ឈូង​សមុទ្រ តែ​ប្រសិនបើ​ធ្វើ​ដំណើរ​ចូល​មក​កាន់​ភាគ​កណ្ដាល​នៃ​ប្រទេស នោះ​នឹង​មាន​តំបន់​ភ្នំ ហើយ​មិន​យូរ​ប៉ុន្មាន ប្រសិន​បើ​បន្ត​ដំណើរ​ទៅ​ទៀត តំបន់​នោះ​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​តំបន់​ជ្រោះ​ទន្លេ​យ័រដាន់ និង​សមុទ្រ​មរណៈ ដែល​ទី​នោះ​គឺ​ជា​ចំណុច​ដ៏​ទាប​បំផុត​នៅ​លើ​ផែនដី​នេះ។ ហើយ​បន្ទាប់មក​នឹង​មាន​ទី​វាល ដែល​ប្រៀប​ដូច​ជា​តុ នៅ​ទិស​ខាង​កើត​ដែល​នាំ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន​ដ៏​ធំ​នៃ​ប្រទេស​អារ៉ាប៊ី។ នៅ​ចុង​បំផុត​នៃ​ទិស​ខាង​ជើង​ហួស​វាល​ច្រកភ្នំ​យេសរាល​ដែល​ជា​កន្លែង​ដែល​មាន​ដី​ជីជាតិ​ល្អ គឺ​ភ្នំ​កាលីឡេ​ដែល​មាន​រុក្ខជាតិ​ស្រស់ស្អាត និង​ផ្ទាំង​ថ្ម​ពុំ​រាប​ស្មើ ហើយ​ភ្នំ​ហ៊ើម៉ូន​ក៏​នៅ​តំបន់​នោះ ដែល​ភ្នំ​នោះ​ថែម​ទាំង​មាន​ព្រិល​នៅ​លើ​កំពូល​ភ្នំ​ទៀត​ផង។ រីឯ​តំបន់​ទិស​ខាង​ត្បូង​គឺ​ជា​តំបន់​ដែល​ជាទី​រហោស្ថាន​ស៊ីន និង​អារ៉ាបា​ដែល​មិន​សូវ​មាន​ទឹក។ ហើយ​ឆៀង​ខាង​ជើង​នៃ​តំបន់​នេះ​គឺ​ស្រុក​ខាង​ត្បូង ដែល​ទី​នោះ​មិន​សូវ​ទទួល​បាន​ភ្លៀង​ប៉ុន្មាន​ទេ តែ​រុក្ខជាតិ​នៅ​តំបន់​នោះ​ងាយ​នឹង​លូតលាស់​ណាស់​ពេល​ខែ​ភ្លៀង។