នៅ​ឆ្នាំ ៥៨៦ មុនគ.ស. (២ពង្សាវតារក្សត្រ ២៥:២២-២៦; យេរេមា ៤០-៤១) ក្រោយ​ពី​ការ​ដក​សាសន៍​យូដា​ស្ទើរ​ទាំង​អស់ លើក​លែង​តែ​អ្នក​ក្រីក្រ សាសន៍​បាប៊ីឡូន​បាន​តែង​តាំង​រដ្ឋាភិបាល​ថ្មី​នៅ​ស្រុក​មីសប៉ា ដោយ​លើក​កេដាលា​ធ្វើ​ជា​អ្នក​គ្រប់គ្រង។ ក្នុង​ចំណោម​មេទ័ព​របស់​ស្ដេច កេដាលា មាន​លោក អុីសម៉ាអែល ដែល​ជា​ពូជពង្ស​ស្ដេច​ខ្សែ​សាសន៍​យូដា។ ស្ដេច ប្អាលីស ដែល​ជា​ស្ដេច​ពួក​អាំម៉ូន​បាន​ចាក់​រុក​ឲ្យ​លោក អុីសម៉ាអែល ទៅ​សម្លាប់​ស្ដេច កេដាលា នៅ​ស្រុក​មីសប៉ា។ បន្ទាប់មក​ លោក អុីសម៉ាអែល ក៏​បាន​សម្លាប់​អ្នក​ធ្វើ​ធម្មយាត្រា​នៅ​ស្រុក​ស៊ីគែម ស្រុក​ស៊ីឡូរ និង​ស្រុក​សាម៉ារី ហើយ​ក៏​បាន​ចាប់​មនុស្ស​មួយ​ចំនួន​យក​ធ្វើ​ជា​ឈ្លើយ​នៅ​គីបៀន។ មាន​អ្នក​ដឹកនាំ​ម្នាក់​ទៀត​ឈ្មោះ យ៉ូហាណាន បាន​ដេញ​តាម​លោក អុីសម៉ាអែល នៅ​ស្រុក​គីបៀន ហើយ​បាន​ដោះ​លែង​ពួក​ឈ្លើយ ប៉ុន្តែ​លោក អុីសម៉ាអែល បាន​រត់​គេច​ភៀស​ខ្លួន​ទៅ​ឯ​ស្រុក​អាំម៉ូន។ ដោយ​មាន​ការ​ភ័យ​ខ្លាច​ថា តើ​សាសន៍​បាប៊ីឡូន​នឹង​ធ្វើ​អ្វី​អាក្រក់​ដាក់​ពួកគេ ដើម្បី​សងសឹក​ការ​សម្លាប់​ស្ដេច កេដាលា ពួក​ឈ្លើយ​ជា​ច្រើន​ដែល​បាន​ទទួល​សេរីភាព​បាន​ភៀស​ខ្លួន​រត់​ទៅ​ស្រុក​អេស៊ីព្ទ។