(១សាំយូអែល ១៩:១២-២៧:៤)​ ស្ដេច សូល ច្រណែន​នឹង លោក ដាវីឌ ព្រោះ​ពួក​រាស្ត្រ​បាន​ទទួល​ស្គាល់​ថា គាត់​ជា​ទាហាន​ដ៏​អង់អាច​ក្លាហាន ហើយ​ជា​អ្នក​ដឹក​នាំ​ដ៏​ឆ្នើម​ម្នាក់ ដូច្នេះ​ស្ដេច សូល ក៏​ចាប់​ផ្ដើម​រក​ឱកាស​សម្លាប់​លោក ដាវីឌ។ លោក ដាវីឌ បាន​រត់​គេច​ពី​ស្ដេច សូល ទៅ​គីបៀរ (១) ហើយ​ក៏​បាន​ទៅ​ឯ​ហោរា សាំយូអែល នៅ​ណាយ៉ូត​នៅ​ឯ​រ៉ាម៉ា (២) ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ស្ដេច សូល បាន​ទៅ​រក​ចាប់​គាត់​នៅ​ទី​នោះ ដូច្នេះ​លោក ដាវីឌ ក៏​បាន​រត់​ទៅ​រក​លោក យ៉ូណាថាន នៅ​គីបៀរ (៣)។ បន្ទាប់ពី​លោក យ៉ូណាថាន បាន​ប្រាប់​លោក ដាវីឌ ថា​ស្ដេច សូល នឹង​ព្យាយាម​សម្លាប់​គាត់ ដូច្នេះ​ទើប​លោក ដាវីឌ រត់​ទៅ​រក​លោក អ័ហ៊ីម៉ាលេក ដែល​ជា​សង្ឃ​នៅ​ណូប (៤) នៅ​ទី​នោះ​គាត់​បាន​ប្រមូល​ស្បៀង ហើយ​ក៏​យក​ដាវ​កូលីយ៉ាត។ បន្ទាប់ពី​នោះ​លោក ដាវីឌ បាន​រត់​ទៅ​ជ្រក​នៅ​ភីលីស្ទីន​នៅ​ក្រុង​កាថ (៥) ហើយ​ក៏​បាន​បោះ​ទី​លំនៅ​របស់​គាត់​ក្នុង​ល្អាង​អាឌូឡាម (៦) នៅ​ទី​នោះ​ចំនួន​ទ័ព​របស់​គាត់​បាន​កើន​ឡើង​រហូត​ដល់ ៤០០ នាក់។ ដើម្បី​ការពារ​ឪពុក​ម្ដាយ​គាត់​ពី​គ្រោះថ្នាក់ លោក ដាវីឌ ក៏​បាន​ទុក​គ្នា​គាត់​ឲ្យ​ស្ដេច ម៉ូអាប់ ជួយ​មើល​ថែ​នៅ​មីសប៉ា (៧) ហើយ​គាត់​បាន​ទៅ​រស់នៅ​ទី​ពំនួន ក្នុង​ទី​រហោស្ថាន (៨)។ រំលង​ប្រមាណ​មួយ​រយៈ​ក្រោយ​ដែល​លោក ដាវីឌ ក៏​បាន​ចេញ​ទៅ​អាស្រ័យ​នៅ​ឯ​ព្រៃ​ហារេក (៩) និង​បាន​ទៅ​ជួយ​សង្គ្រោះ​អ្នក​នៅ​ជិត​ក្រុង​កៃឡា (១០) ពី​ក្រុម​ភីលីស្ទីន​ដែល​កំពុង​លួច​ប្លន់។ ពេល​លោក ដាវីឌ ឮ​ថា​ស្ដេច សូល បាន​មក​តាម​រក​គាត់​នៅ​កៃឡា ដាវីឌ និង​ទ័ព​លោក​ដែល​បាន​ចម្រើន​ដល់ ៦០០ នាក់ ក៏​បាន​នាំ​គ្នា​ដូរ​ទីតាំង​ដោយ​រត់​ទៅ​ទី​រហោស្ថាន​ស៊ីភ (១១)។ ក្រោយ​ពេល​ដែល​ប្រជាជន​នៅ​ស៊ីភ​បាន​ក្បត់​លោក ដាវីឌ ដោយ​ចង់​បញ្ជូន​គាត់​ឲ្យ​ស្ដេច សូល លោក ដាវីឌ និង​ទ័ព​របស់​គាត់​ក៏​បាន​ទៅ​នៅ​ទី​រហោស្ថាន​ម៉ាអូន (១២) ហើយ​នៅ​ទី​នោះ គាត់​ស្ទើរ​នឹង​គេច​មិន​ផុត​ពី​កណ្ដាប់​ដៃ​ស្ដេច សូល។ ពេល​លោក ដាវីឌ និង​ទ័ព​របស់​គាត់​កំពុង​រត់​ពី​ទី​ពំនួន​នៅ​អេន-កេឌី (១៣) ជា​ថ្មី​ម្ដង​ទៀត ទ្រង់​ស្ទើរ​នឹង​គេច​មិន​ផុត​ពី​កណ្ដាប់​ដៃ​ស្ដេច សូល ហើយ​តាម​ពិត​នៅ​ទី​នោះ​លោក ដាវីឌ មាន​ឱកាស​ក្នុង​ការ​សម្លាប់​ស្ដេច សូល ប៉ុន្តែ​គាត់​បាន​បដិសេធ​ដោយ​មិន​ឆក់​យក​ឱកាស​នោះ។ លោក ដាវីឌ ក៏​បាន​ត្រឡប់​ទៅ​ទី​ពំនួន​វិញ (១៤) ហើយ​ក៏​បន្ត​ទៅ​ទី​រហោស្ថាន​នៅ​ប៉ារ៉ាន (១៥)។ ជា​ថ្មី​ម្ដង​ទៀត នៅ​ទី​នោះ ប្រជាជន​ស៊ីភ​បាន​ក្បត់​លោក ដាវីឌ ដោយ​ចង់​បញ្ជូន​គាត់​ឲ្យ​ស្ដេច សូល ហើយ​ទោះ​បើលោក ដាវីឌ មាន​ឱកាស​ម្ដង​ទៀត​ក្នុង​ការ​សម្លាប់​ស្ដេច សូល ក៏​គាត់​បាន​បដិសេធ​ដោយ​មិន​ឆក់​យក​ឱកាស​នោះ​ដែរ។ ចុង​ក្រោយ​លោក ដាវីឌ និង​ទ័ព​របស់​គាត់​ក៏​បាន​ទៅ​រក​ទីជម្រក​ពី​អ័គីស ដែល​ជា​ស្ដេច​នៅ​ក្រុង​កាថ (១៦)។