នៅ​ឆ្នាំ ៧០១ មុនគ.ស. (២ពង្សាវតារក្សត្រ ១៨:១៣-៣៧; ២របាក្សត្រ ៣២:១-២៣) កាល​ស្ដេច ហេសេគា កំពុង​សោយរាជ្យ ស្ដេច សានហេរីប ដែល​ជា​ស្ដេច​អាសស៊ើរ​បាន​វាយ​ប្រហារ​ទីក្រុង​មួយ​ចំនួន​នៅ​ជាយ​ទឹកដី​យូដា​ខាង​លិច។ គាត់​បាន​ចាត់​មេទ័ព​ឲ្យ​ទៅ​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម ហើយ​ឲ្យ​បញ្ចុះបញ្ចូល​ស្ដេច ហេសេគា ឲ្យ​ចុះចាញ់​នឹង​គាត់។ ស្ដេច ទារហាកា ដែល​ជា​ស្ដេច​សាសន៍​អេធីយ៉ូពី​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ ដើម្បី​ជួយ​គាំទ្រ​ស្ដេច ហេសេគា ប៉ុន្តែ​មើល​ទៅ​គាត់​ក៏​បរាជ័យ​ដែរ។ ការ​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម​បាន​បរាជ័យ ពេល​ដែល​ទេវតា​របស់​ព្រះ​អម្ចាស់​បាន​មក​សម្លាប់​ទ័ព​អាសស៊ើរ​ដែល​មាន​ចំនួន​១៨៥,០០០​ក្នុង​រយៈ​ពេល​តែ​មួយ​យប់។ ស្ដេច សានហេរីប បាន​ដក​ថយ ហើយ​ត្រឡប់​ទៅ​នីនីវេ​វិញ ហើយ​នៅ​ទី​នោះ​កូនៗ​របស់​គាត់​បាន​សម្លាប់​គាត់។